ល្បិចថ្មីពីក្រុម Hacker! ប្រយ័ត្នគេលួចគណនីហ្វេសប៊ុក និងព័ត៌មានគណនីធនាគាររបស់អ្នក

ល្បិចថ្មីពីក្រុម Hacker! ប្រយ័ត្នគេលួចគណនីហ្វេសប៊ុក និងព័ត៌មានគណនីធនាគាររបស់អ្នក

នាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។

ឧបាយកលបោកបញ្ឆោត

ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបាន ប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។

នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។

វិធានការបង្ការ

  • សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទេ
  • ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ
  • គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ ការចាយវាយមិនលើសបរិមាណសមស្របមួយ
  • ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយអ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។

Share this post